ពិតណាស់ កូនតូចចាំបាច់ត្រូវងូតទឹកឱ្យបានទៀតទាត់ជាប្រចាំ ដើម្បីអនាម័យ និងសុខភាពល្អ។ ដូច្នេះ អ្នកម្តាយគ្រប់រូបត្រូវចាំថា ក្នុងអំឡុងពេលទាំង៣នេះ ដាច់ខាតសូមកុំងូតទឹកឱ្យកូនៗអោយសោះ ពុំដូច្នោះទេ វានឹងអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់ពួកគេ។
១. ពេលកូនទើបតែញ៉ាំឆ្អែត
បន្ទាប់ពីញ៉ាំបាយ ឬអាហារផ្សេងៗចូលពោះឆ្អែតហើយ ក្រពះរបស់កូនតូចត្រូវប្រើពេលវេលាយូរក្នុងការកិនរំលាយអាហារ។ ការងូតទឹកភ្លាមៗពេក ជាសញ្ញាគ្រោះថ្នាក់ខ្លាំង ព្រោះនៅពេលកូនញ៉ាំឆ្អែត ឈាមនឹងរត់ចុះទៅផ្នែកពោះ ក្រពះមិនអាចកិនអាហារបានល្អ និងអាចបណ្តាលឱ្យកូនមានអាការៈវិលមុខជាដើម។ ត្រូវរង់ចាំឱ្យបានប្រហែល១ម៉ោងសិន ចាំងូតទឹកគ្មានហានិភ័យចំពោះសុខភាព។
២. ពេលកូនឈឺ
កូនតូចងាយនឹងឈឺ ដូចជាផ្តាសាយ ក្តៅខ្លួន ឬឈឺពោះជៀសមិនរួច។ ក្នុងអំឡុងពេលនេះដែរ ម្តាយភាគច្រើនចូលចិត្តងូតទឹកសម្អាតខ្លួនឱ្យកូន។ នេះជាទង្វើខុសទាំងស្រុង ព្រោះរាងកាយរបស់ក្មេងកំពុងតែចុះខ្សោយ ដូច្នេះប្រព័ន្ធការពាររាងកាយក៏អន់ថយដូចគ្នា ជាហេតុធ្វើឲ្យសភាពជំងឺកាន់តែធ្ងន់ធ្ងរមិនងាយជាសះស្បើយ។ នៅពេលកូនៗ កំពុងក្តៅខ្លួន ផ្តាសាយ…គួរជូតខ្លួនដោយប្រើកន្សែងស្អាតជាមួយទឹកក្តៅឧណ្ហៗឱ្យពួកគេគេងក្នុងបន្ទប់កក់ក្តៅ ជៀសវៀសកុំឱ្យត្រូវខ្យល់។
៣. ពេលកូនបែកញើស
ឃើញកូនប្រឡែង ឬរត់លេងបែកញើស អ្នកម្តាយត្រូវចាំដល់ស្ងួតសិន បើចង់ងូតទឹកឱ្យពួកគេ។ ពេលរាងកាយក្មេងបែកញើស រន្ធញើសក៏បើកធំជាងមុន ហើយពេលងូតទឹកភ្លាមៗ បណ្តាលឲ្យក្មេងឆាប់ឈឺផ្តាសាយខ្លាំងណាស់។ ចូរប្រុងប្រយ័ត្នឱ្យបានល្អ មុនពេលយកកូនជាទីស្រលាញ់ទៅងូតទឹក ដើម្បីការពារពួកគេពីជំងឺផ្សេងៗ៕
ប្រភព៖ soha កែសម្រួល៖ ទី វុត្ថា
This post is also available in: Khmer
អ្នកម្តាយគួរយល់ដឹង! ងូតទឹកក្នុងពេលទាំង ៣ នេះ អាចបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាពកូន